លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម​ យ៉ិន​ទៀងគួរ​តែ​ស៊ើប​អង្កេ​ត

ខេត្តកំពង់ចាម ៖ អង្គភាពប្រឆាំង​អំពើពុករលួយ របស់លោក ឱម យ៉ិនទៀង ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​ពី​ភាព​អសកម្ម របស់​ជំនាញ​គយ ក្រោម​ការដឹកនាំ របស់លោក ឃុន រ៉ា​ន់ ឲ្យ​បាន​ស៊ីជម្រៅ ពិតជា​អាចរួមចំណែក ធ្វើ​ឲ្យ​មាន​ចំណូល​ថវិកាជាតិ កាន់តែ​កើនឡើង​។ នៅក្នុង​សាខាគយ និង​រដ្ឋាករ ខេត្តកំពង់ចាម ក្រោម​ការ​គ្រប់​គ្រប់ របស់លោក ឃុន រ៉ា​ន់ មាន​អំពើពុករលួយ បក្ខពួកនិយម យ៉ាង​ពេញបន្ទុក​ព្រោះ​លោក ឃុន រ៉ា​ន់ បាន​ប្រើប្រាស់​តែ​លេខា​ជំនិត របស់គាត់​ម្នាក់ ឲ្យ​ប្រមូល​លុយ​ពី​គ្រប់​កន្ល្លែង ។​

​​ប្រ​​ធាន​​សា​ខា​គយ ស​ម្រាប់​​ខេត្ត​​ដ៏​​ធំ​​មួយនេះ នៅ​ជាប់​​ប្រ​ទេស​​វៀត​ណាម ដែល​មាន​​ស​ក្តា​នុ​ពល​​សេ​ដ្ឋ​កិច្ច លោក ឃុន រ៉ា​ន់ អាច​​ប្រ​មូល​លាភ​សក្ការៈ យក​ទៅ​​ច្រក​​ហោ​ប៉ៅ ធ្វើ​​មាន​​ធ្វើ​បាន​​ផ្ទាល់​ខ្លួន យ៉ាង​​ងាយ​ស្រួលព្រោះ ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ មកពី​ស្រុក​យួន តាម​ច្រកព្រំដែន​នានា ក្នុង​ខេត្តកំពង់ចាម មកកាន់​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៦ យ៉ាង​គគ្រឹកគគ្រេង ទាំងយប់​ទាំង​ថ្ងៃ មានការ​បង់​ចូល​ជា​ថវិកាជាតិ តិចតួច​ ​។  បញ្ជាក់ ប្រាក់ចំណូល​ជាច្រើន បាន​ហូរ​ចូល​ហោប៉ៅ ជំនាញ​គយ​ខេត្តកំពង់ចាម ច្រើនជាង​ចូល​ជា​ថវិកាជាតិ បើ​គ្រាន់តែ​ពិនិត្យ លើ​តួលេខ​នៃ​ការដឹកជញ្ជូន​ទំនិញ តាម​រថយន្ត​យី​ឌុប​ធំៗ ពី​ចំណុច​ព្រំដែន​ច្រក​ដូនរ័ត្ន ច្រក​ត្រពាំង​ផ្លុ​ង និង​ច្រក​ដូង ៧​ដើម ដែល​ក្នុង​មួយថ្ងៃៗ មាន​ចំនួន​រាប់រយ​គ្រឿង ប៉ុន្តែ​ការប្រមូល​ពន្ធ​ជាក់ស្តែង បាន​តិចតួច​បំផុត មិនមាន​តុល្យភាព​ទៅនឹង ទំហំ​នៃ​ការហូរចូល​ទំនិញ យ៉ាងច្រើន​តាម​ច្រកព្រំដែន នៃ​ខេត្តកំពង់ចាម​នោះទេ​។ លោក ឃុន រ៉ា​ន់ បាន​ចាត់តាំង​ឲ្យ លេខា​ម្នាក់​កាន់​ការងារ ប្រមូល​លុយ ធ្វើ​ឲ្យ​មន្ត្រី​គយ​មួយចំនួន មិន​សប្បាយចិត្ត​ហើយ​ទម្លាយ រឿងរ៉ាវ​ពុករលួយ និង​បក្ខពួកនិយម របស់លោក ឃុន រ៉ា​ន់ ចេញមក​ខាងក្រៅ​។

ក្នុង​អាណត្តិ​ដែល​លោក ឃុន រ៉ា​ន់ ឡើង​ធ្វើជា​ប្រធាន សាខាគយ​ខេត្តកំពង់ចាម គាត់​បាន​ចាត់តាំង តែ​បក្ខពួក​និង​លេខា​របស់គាត់ ឲ្យ​កាន់​ប្រភព​ចំណូល ពី​ផ្នែក​ចល័ត និង​ការដាក់​ប៉ុស្តិ៍​ជជុះ ដែល​ទីបំផុត ចំណូល​ទាំងអស់ គឺ​មូល​ក្នុង​ដៃ​របស់លោក ឃុន រ៉ា​ន់ ដែលជា​ប្រធាន​សាខាគយ​។ ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ អាច​សហការ​ជាមួយ​ក្រុម​ជញ្ជីង ថ្លឹង​រថយន្ត​នៅ​ចំណុច​ថ្នល់កែង នៅ​ស្រុក​បាធាយ ខេត្តកំពង់ចាម ស្រង់​តែ​តួលេខ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ធំៗ ដែល​ធ្វើដំណើរ​ពី​ខេត្តកំពង់ចាម ចូលមក​រាជធានី​ភ្នំពេញ ពិតជា​អាច​ដឹង​ពី​ទំហំ​នៃ​ការ នាំចូល​ទំនិញ​តាម​ខេត្តកំពង់ចាម ហើយ​យកទៅ ប្រៀប ធៀប​ជាមួយ ចំណូល​ពន្ធ​ដែល​ប្រមូលបាន ពិតជា​អាច​រកឃើញ​ភស្តុតាង នៃ​អំពើពុករលួយ​របស់លោក ឃុន រ៉ា​ន់ ជាមិនខាន​។

ការដឹកជញ្ជូន​ទំនិញ​របស់​ក្រុម​ឈ្មួញ មកពី​ស្រុក​យួន​ចូល​តាម​ច្រក​ចំនួន​៣ គឺជា​ប្រភព​ចំណូល មិនធម្មតា​ទេ សម្រាប់​លោក ឃុន រ៉ា​ន់ ដូចដែល​មន្ត្រី​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ដឹកទំនិញ​ធំៗ​តាម​ខេត្តកំពង់ចាម បង់ពន្ធ​ស្ទើរ​ស្មើនឹង ការដឹកជញ្ជូន​ទំនិញ តាម​រថយន្ត​ទួរីស ដែល​ក្នុង​មួយ​រថយន្ត​ប្រមាណ ៣​ទៅ​៤​លាន​រៀល​។ បើ​និយាយ​ពី​ការដឹកជញ្ជូន ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន តាម​ច្រក​ច័ន្ទ​មូល និង​ច្រក​ដូង​៧​ដើម របស់​ឈ្មួញ​ធំៗ​មួយចំនួន បើទោះបីជា​ឈើ​ប្រណីត​ទាំងនោះ​មិន​ស្ថិតក្នុង​បញ្ជី​ទំនិញ​បង់ពន្ធ​ក៏ដោយ ក៏​ជំនាញ​គយ​នៅ​ទីនោះ​បានរៀបចំ​វាយតម្លៃ​ពន្ធ ឲ្យ​ក្រុម​ឈ្មួញ​បង់លុយ​តាមតែ​អំពើ​ចិត្ត​។

​លោក ឃុន រ៉ា​ន់ សប្បាយ​ប្រមូល​លុយ ពី​គ្រប់​ច្រកល្ហក ទាំង​ការ​នាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រកព្រំដែន​នានា ក្នុង​ខេត្តកំពង់ចាម ក៏ដូចជា​ការដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ខេត្តកំពង់ចាម ដែល​មួយរយៈ​ចុងក្រោយ​នេះ ឈ្មួញ​មួយចំនួន​បាន​នាំចូល​ទំនិញ តាម​ច្រក​ត្រពាំង ស្រែ​-​វ៉ា​លឺ នៃ​ស្រុក​ស្នួល ខេត្តក្រចេះ ដែល​នៅ​ទីនោះ អាច​លួច​ពន្ធ​បាន​ច្រើន គឺ​បង់ពន្ធ​ប្រហែល ១៥ ភាគរយ​ប៉ុណ្ណោះ ហើយ​ពេល​ក្រុម​ឈ្មួញ​ត្រូវ​ដឹកជញ្ជូន ឆ្លងកាត់​ខេត្តកំពង់ចាម ក៏ត្រូវ​បង់លុយ​ជូន​លោក ឃុន រ៉ា​ន់ ដូចគ្នា​ ។

403