តំបន់​ព្រំដែន​ស្រុកអណ្ដូ​ងមាសបទ​ល្មើសកាប់​ឈើព្រៃ​ឈើ កើតឡើង​យ៉ាង​ពេញ​បន្ទុ​ក

សកម្មជន​ព្រៃឈើ​ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ​បាន​ឲ្យ​ដឹងថា ភូមិ​ចង  ឃុំ​ញ៉ា​ង មាន​ព្រំប្រទល់​ ជាប់​ប្រទេស​យួន  ហើយ​បច្ចុប្បន្ន​ មាន​សកម្មភាព​ឈូសឆាយ​ ធ្វើ​ផ្លូវលំ​ចូលទៅ​កាន់​តំបន់ ​ព្រៃ​ដែល​សំបូរ​ទៅដោយ​ឈើ​ ប្រភេទ​លេខ​១​និង​ ប្រភេទ​លេខ​២  ដែល​ងាយ ស្រួល​សម្រាប់​ ក្រុម​ជនល្មើស​កាប់​ ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​ យួន​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ នោះ គឺ​អភិបាល ស្រុក​អណ្ដូង​មាស លោក ខេន សានី​ត ទើបតែ​ដឹងថា​ទទួលបាន​ព័ត៌មាន​ស្ដីពី​ការកាប់​ឈើ​នៅតាម​តំបន់​ព្រំដែន​ឃុំ​ញ៉ា​ង ក្នុងខណៈដែល​ព្រៃឈើ​ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​រួចទៅហើយ​។ ដូច្នេះ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ មុនពេល​ព្រៃឈើ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​អណ្ដូង​មាស ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​សាន​សូន្យជាក់ជាមិនខានឡើយ​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស បាន​ឲ្យ​ដឹងថា​រយៈពេល​ប្រមាណ​២​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​តាម​តំបន់​ព្រំដែន​កំពុងតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដោយសារតែ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ព្រៃឈើ​នៅជាប់​តំបន់​ព្រំដែន​ក្នុងភូមិ​ចង ចំណុច​ផ្លូវ​ឈូស​ថ្មី ក្បែរ​បង្គោល​ព្រំដែន​លេខ​១៩/៤​កំពុង​រង​ការកាប់បំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​ក៏មាន​បទល្មើស​ទ​ន្ទ្រា​ន​កាន់កាប់​ដី​យក​ធ្វើជា​កម្មសិទ្ធិ​ផងដែរ​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ចាត់វិធានការ​បង្ក្រាប​បទល្មើស​ខ្លះ​ផង​ប្រសិនបើ​មិនបាន​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ជនល្មើស​បំផ្លាញ​ព្រៃឈើ​ទេនោះ​។

សេចក្ដីរាយការណ៍​ពី​ពលរដ្ឋ​ភូមិ​ចង ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស បាន​ឲ្យ​ដឹងថា​ក្នុងខណៈដែល​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល គឺ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​មន្ត្រី​បរិស្ថាន ចុះទៅ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​ឡើយ​។ ប្រការនេះ​ធ្វើ​ឲ្យ​បទល្មើស​កាប់​ឈើ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​មាន​សភាព​កាន់តែ​ខ្លាំងក្លា ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​តាម​ព្រំដែន​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា តំបន់​នោះ​ត្រូវបាន​យាមកាម​ដោយ​កម្លាំងយោធា​យ៉ាង​តឹងរ៉ឹង មិន​អនុញ្ញាត​ឲ្យ​ប្រជា​សហគមន៍ អ្នកសារព័ត៌មាន ឬ​សកម្មជន​ព្រៃឈើ​ចូលទៅ​ដល់​ឡើយ​៕បឋម

2016-11-26-47