ឈ្មួញ​យួនធំៗ​ចូលដឹក​ឈើប្រណិត​ខុសច្បាប់តាមច្រក​ណាំលៀ​-ប៉ុស្ដិ៍៧​

ប្រភពពី​សមត្ថកិច្ច​​នៅ​ ស្រុក​ពេ​ជ្រា​ដាខេត្ត មណ្ឌលគិរីបាន​ឲ្យ​ដឹងថា ​ករណី​រថយន្ត​ច្នៃ​រាប់សិប​គ្រឿង ​ដែល​ចូលមក​ទឹកដី​ ខ្មែរ​តាម​ តំបន់ ​អូរ​តាំ​កន និង​ ចន្លោះ​ប៉ុស្ដិ៍​៧​នោះ គឺមាន​មន្ត្រី​ យោធា​ការពារ​ព្រំដែន​១​ រូប​ឈ្មោះ ម៉ៅ ជា​អ្នករត់​ការ បើកផ្លូវ​ជាមួយ​សម ត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន ​ស្ថាប័ន​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀត ថា​លោក ម៉ៅ គឺជា ​មនុស្ស​ជំនិត​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី  ឃិន ម៉េង ​ស្រេង មេបញ្ជាការ​តំបន់​ ប្រតិបត្តិការ​សឹក​រង ​ខេត្តមណ្ឌលគិរី​។  មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង ស្រុក​ពេ​ជ្រា​ដា ក៏បាន​បង្ហើប ​ឲ្យ​ ដឹង​ ដែរ​ថា ក្រោយពេល​ករណី​ខាងលើ​ត្រូវ​បែកការ​ដឹង​ដល់​អាជ្ញាធរ​ខេត្តមណ្ឌលគិរី និង​ស្នងការ​ខេត្តមណ្ឌលគិរី គឺ​មន្ត្រី​យោធា​ឈ្មោះ ម៉ៅ បានគេច​ខ្លួន​ចូលទៅ​ស្រុក​យួន​។ ចំណែក​លោក សំរិទ្ធ ណ​យ មេ​នគរបាល​ប៉ុស្ដិ៍​៧ ដែល​អនុញ្ញាត​ឲ្យ​ឈ្មួញ​យួន​ចូលមក​ដឹកឈើ​ចេញពី​ទឹកដី​ខ្មែរ​នោះ នៅតែ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្តដដែល​។

លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏ដូចជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា គ្មាន​ឆន្ទៈ​ក្នុងការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដែល​កំពុងតែ​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ មាន​រថយន្ត​ច្នៃ​(​ដែល​ភាសា​យួន​ហៅថា​សែ​កាង​) បាន​ឆ្លងដែន​តាម​ប៉ុស្ដិ៍​៧៥១ ច្រក​ណាំ​លៀ​-​ប៉ុស្ដិ៍​៧ ចូលមក​ដឹកឈើ​នៅ​ចំណុច​ប៉ុស្ដិ៍​៤ ប៉ុស្ដិ៍​៥​។ ប៉ុន្តែ​គម្រោង​ដឹកឈើ​នោះ​ត្រូវបាន​បែកការ​នៅ​រសៀល​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧ ហើយ​លោក អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី ក៏បាន​បញ្ជា​ឲ្យ​កម្លាំង​ក្រោម​ឱវាទ​ចុះទៅ​ពិនិត្យមើល​ជាក់ស្ដែង​នៅ​កន្លែងកើតហេតុ​។

ប្រភពពី​សមត្ថកិច្ច​មួយ​ចំនួន​បាន​ឲ្យ​ដឹងថា​លោក សំរិទ្ធ ណ​យ មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ឈ្មួញ​យួន​បង្វែរ​ទិស​ចូលទៅ​ដឹកឈើ​នៅ​ចំណុច​ប៉ុស្ដិ៍​៤ ប៉ុស្ដិ៍​៥ តាម​ច្រក​៧៥១​របស់​យួន គឺ​លោក សំរិទ្ធ ណ​យ មាន​ជាប់​ពាក់ព័ន្ធ​ករណី​រថយន្ត​ច្នៃ​របស់​យួន​៥០​គ្រឿង​ចូលមក​ដឹកឈើ​ក្នុង​ទឹកដី​ខ្មែរ​។ បញ្ហា​នេះ​បានបង្ហាញ​យ៉ាងច្បាស់​ថា បទល្មើស​ព្រៃឈើ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​សមត្ថកិច្ច​ពុករលួយ​ជាច្រើន​ស្ថាប័ន ជាពិសេស​មន្ត្រីនគរបាល​និង​មន្ត្រី​យោធា​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​មេ​រដ្ឋបាល​ព្រៃឈើ ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​នេះ មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឡើយ​។ ជាក់ស្ដែង​បទល្មើស​កាប់​ឈើ​ខុសច្បាប់​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​ចំណុច​ប៉ុស្ដិ៍​៤ ប៉ុស្ដិ៍​៥ ​៕

sabayread.com-f11-3