លោក​ ហ៊ីវ​ សុធា​រិទ្ធ​មេគយច្រក​ព្រលានយន្ត​ហោះអន្តរ​ជាតិភ្នំពេញ​រងការរិះ​គន់យ៉ាង​ខ្លាំង​?

ប្រភពពី​មន្ត្រី​គយនៅក្នុង​ការិយាល័យ​គយ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា ការដែល​លោក ហ៊ី​វ សុធា​រិ​ទ្ធ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​បងប្រុស​របស់ខ្លួន​ជា​អនុប្រធាន​អគ្គនាយកដ្ឋាន​គយ និង​ជា​ឧកញ៉ា​ល្បីឈ្មោះ​គួរសម​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ ហេតុនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន​គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​ផង ព្រោះ​មួយរយៈ​ពេល​ចុងក្រោយ​នេះ​លោក ហ៊ី​វ សុធា​រិ​ទ្ធ និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ករណី​លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រធានការិយាល័យ​គយ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ត្រូវបាន​មន្ត្រី​គយ​តូចតាច​ប្រចាំ​ច្រក​នេះ ក៏ដូចជា​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​វិនិយោគ​លាតត្រដាង​ជា​បន្តបន្ទាប់​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ហ៊ី​វ សុធា​រិ​ទ្ធ មេ​គយ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ជាបន្ទាន់ កុំ​ឲ្យ​មន្ត្រី​គយ​រូបនេះ​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។ ដោយហេតុថា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មិន​ហ៊ាន​ប៉ះពាល់​លោក ហ៊ី​វ សុធា​រិ​ទ្ធ នោះទេ​ព្រោះ​អី​លោក ហ៊ី​វ សុធា​រិ​ទ្ធ មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។

​ប្រភពពី​អ្នករត់​ការ​ក្រុមហ៊ុន​នាំចូល​ទំនិញ​វិនិយោគ​មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក ហ៊ី​វ សុធា​រិ​ទ្ធ កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​ក្នុងនោះ​មាន​ទាំង​ការតម្រូវ​ឲ្យ​បង់ប្រាក់​សម្រាប់​ឯកសារ​ប្រតិវេទន៍​គយ ក្នុង​មួយ​ឯកសារ​ចាប់ពី​៣៥​ដុល្លារ​ទៅ​៧៥​ដុល្លារ​សម្រាប់​ឯកសារ​ដែល​គ្មាន​កំហុស​។ ចំណែក​ឯកសារ​ដែលមាន​កំហុស​តិចតួច​ត្រូវបាន​លោក ហ៊ី​វ សុធា​រិ​ទ្ធ និង​បក្ខពួក​កោសរូស​ស្រេច​តែ​អំពើ​ចិត្ត ពុំមាន​ការយោគយល់​ប​ន្តិ​ច​ណា​ឡើយ​។ ជាងនេះទៅទៀត​លោក ហ៊ី​វ សុធា​រិ​ទ្ធ និង​បក្ខពួក​បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ចូល​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​យ៉ាង​ពេញបន្ទុក ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​កាន់តែ​ច្រើនឡើងៗ​។

​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​វិនិយោគ​បាន​ឲ្យ​ដឹងថា ពួកគេ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​ការិយាល័យ​គយ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​តាម​ការកំណត់ បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ប្រឈម​នឹង​ការគាបសង្កត់​សព្វបែបយ៉ាង​ជាមិនខាន​។ ក្នុងនោះ​ទី​១-​ត្រូវ​បង់លុយ​ចំនួន​៥​ដុល្លារ​សម្រាប់​មន្ត្រី​គយ​ទទួល​ផែន​ផ្នែក​ចុះ​លេខ​ឈ្មោះ ធឿន ទី​២-​បង់លុយ​ចំនួន​២០​ដុល្លារ​សម្រាប់​គណនេយ្យ​ឈ្មោះ សារ៉ាន់ ទី​៣-​ត្រូវ​បង់លុយ​១០​ដុល្លារ​សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ និង​១០​ដុល្លារ​ទៀត​ផ្នែក​កូនចៅ​មន្ត្រី​គយ​ខាង​ត្រួតពិនិត្យ ទី​៤-​បង់លុយ​ចំនួន​២០​ដុល្លារ​សម្រាប់​មន្ត្រី​គយ​ផ្នែក​កាត់​ស្តុក​បញ្ចុះ​ឯកសារ និង​ទី​៥-​ត្រូវ​បង់លុយ​ឲ្យ​អនុប្រធាន​ការិយាល័យ​ចំនួន​៥​ដុល្លារ​ជា​កិច្ច​បង្ហើយ​ឯកសារ​។ ចំណែក​ចំពោះ​ទំនិញ​វិនិយោគ​ក្នុង​មួយ​ឯកសារ​ក៏ត្រូវ​បង់លុយ​៣៥​ដុល្លារ​ដែរ​?៕

22290406_370472483373718_1825234834_n