រថយន្ត​ចង្កូតស្ដាំ​​ម៉ូតូគេច​ពន្ធ​និងឈើគ្រញូងចេញ​តាមច្រករ​បៀងខុស​ច្បាប់

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ ក្នុង​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក  ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​ សមត្ថកិច្ច​នគរបាល​ និង​យោធា​ឈរជើង​តាម ​តំបន់​ព្រំដែន​ខ្មែរ​-​សៀម​ក្នុងស្រុក​ ស្វាយចេក គឺជា​អ្នក​ឃុបឃិត ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ រថយន្ត​ចង្កូត​ស្ដាំ ម៉ូតូ​គេចពន្ធ និង​ឈើ​គ្រញូង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដែល​ជាប់​ពាក់ព័ន្ធ​រឿងអាស្រូវ​ច្រើន​ករណី​នោះ មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ ក្នុងការ​ពង្រឹង​សន្តិសុខ​នៅតាម​ព្រំដែន​នៅឡើយ​។ ប្រការនេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​ភាព​អសកម្ម​របស់លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​នោះទេ ព្រោះ​បច្ចុប្បន្ន​បទល្មើស​ឆ្លងដែន​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុកដដែល​។

បទល្មើស​ឆ្លងដែន​តាម​តំបន់​ព្រំដែន​ខ្មែរ​-​សៀម ក្នុង​ខេត្តបន្ទាយមានជ័យ នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក បើទោះបី​កន្លងមក​ក្រសួងមហាផ្ទៃ​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បិទ​ច្រករបៀង​ទាំងអស់​យ៉ាងណាក៏ដោយ​។ ការដែល​បទល្មើស​ឆ្លងដែន​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​ដូចជា ករណី​ឈ្មួញ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ ម៉ូតូ​គេចពន្ធ ឈើ​គ្រញូង និង​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​យ៉ាង​ពេញបន្ទុក​តាម​ច្រករបៀង​ក្នុង​ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ស្រុក​ម៉ាឡៃ ស្រុក​ថ្មពួក និង​ស្រុក​ស្វាយចេក គឺជា​ភស្តុតាង​បង្ហាញថា​អភិបាលខេត្ត​បន្ទាយមានជ័យ លោក សួន បវរ និង​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម មិន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​បទបញ្ជា​របស់​ក្រសួងមហាផ្ទៃ​នោះទេ​។

តាម​ការកត់សម្គាល់រ​បស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​សៀម​ក្នុង​ក្រុង​ប៉ោយប៉ែត ស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ ស្រុក​ថ្មពួក និង​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​សមត្ថកិច្ច​ប្រចាំ​ច្រករបៀង​មួយចំនួន​នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ម៉ូតូ​គេចពន្ធ និង​រថយន្ត​ចង្កូត​ស្ដាំ ក៏ដូចជា​ឈើ​គ្រញូង​យ៉ាង​ពេញបន្ទុក​។ ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​ច្រករបៀង​ចំការ​គ គឺជា​ច្រក​ដែល​ឈ្មួញ​នាំចូល​ឈើ​គ្រញូង ក៏ដូចជា​រថយន្ត​ចង្កូត​ស្ដាំ​និង​ម៉ូតូ​គេចពន្ធ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ ព្រោះ​មានការ​ឃុបឃិត​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពុករលួយ​ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​។ ក្នុងនោះ​អ្នក​ដែល​ល្បី​ខ្លាំងជាងគេ​ក្នុងការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​និង​ម៉ូតូ​គេចពន្ធ គឺ​ឈ្មោះ ខែម សោ​ភ័​ណ្ឌ ដែលជា​កូនប្រុស​របស់លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​តែម្តង​។បឋម

23146087_379855699102063_574116662_n