លោក​ ឱម យ៉ិនទៀង​ប្រធានអង្គភាព​ប្រឆាំងអំ​ពើពុករលួយ​ធ្លាប់ប្ដេជ្ញាលុ​បបំបាត់អំពើពុ​ករ​លួយតាម​ដងផ្លូវមិនគួរ​មើលរំលងអំពើពុករលួយច្រើនរូបភាពរប​ស់លោក​ ហុង សាវុធមន្ត្រីគ​យចល័ត​ខេត្តបា​​ត់ដំបងនិង​បក្ខពួ​ក

តាម​ប្រភពពី​មន្ត្រី​គយ​ និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តបាត់ដំបង  មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក  ហុង សាវុធ មន្រ្តី ​គយ​ចល័ត​ប្រចាំ​ខេត្តបាត់ដំបង  ព្រមទាំង​បក្ខពួក​បរិវារ​មួយចំនួន​ កំពុង​ឃុបឃិត​គ្នា ​ប្រើ​អំណាច​តួនាទី​ប្រព្រឹត្ត​ អំពើពុករលួយ​ដោយ​គ្មាន​ញញើត ​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹងថា ​លោក ហុង  សាវុធ និង​ បក្ខពួក ​បាន​ឃុបឃិត​ ឲ្យ​ឈ្មួញ​ធំៗ​មួយចំនួន ​នាំចូល​ទំនិញ គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់  និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​បំផុត​។ ទន្ទឹមនឹងនេះ​លោក ហុង សាវុធ ព្រមទាំង​បក្ខពួក​បានធ្វើ​សកម្មភាព​គាប​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​តូចតាច ដែ​នាំចូល​ទំនិញ​ស្របច្បាប់​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​ដោយ​គ្មាន​ការយោគយល់​បន្តិច​ណា​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ហុង សាវុធ និង​បរិវារ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ដូច​សព្វថ្ងៃនេះ គឺមាន​ការសម្របសម្រួល​ពី​សំណាក់​មេ​គយ​ធំៗ​ក្នុង​ខេត្តបាត់ដំបង ផងដែរ​។​

​ប្រភពពី​ក្រុម​ឈ្មួញ​មួយចំនួន​បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​នាំចូល​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​រួចរាល់​យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុតពី​បង់លុយ​លើ​តុ ក្រោម​តុ ឲ្យ​លោក ហុង សាវុធ និង​បក្ខពួក​ដែលមាន​ជំនាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​នោះទេ​។ ប្រសិនបើ​អ្នកណា​ហ៊ាន​គេចវេះ​មិន​បង់លុយ​លើ​តុ ក្រោម​តុ ឲ្យ​លោក ហុង សាវុធ តាម​ការកំណត់​ទេនោះ អាច​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ​ឬ​ទទួលរង​នូវ​ការគំរាមកំហែង​សព្វបែបយ៉ាង​ជាមិនខាន​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​២៥ ខែសីហា កន្លងទៅថ្មីៗ​នេះ​លោក ហុង សាវុធ មន្ត្រី​គយ​ចល័ត​ខេត្តបាត់ដំបង និង​បក្ខពួក​ឈ្មោះ ស្រស់ បាន​ចាប់​រថយន្ត​ដឹកទំនិញ​គេចពន្ធ​មួយគ្រឿង​នៅ​ចំណុច​ផ្លូវ​កោង​ក្បាល​ខ្មោច ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ហើយ​ដោះលែង​វិញ​ដើម្បី​ជា​ថ្នូរ​នឹង​ប្រាក់​៥០០​ដុល្លារ​។​

​រឿងអាស្រូវ​ពុករលួយ​តាមច្រើន​រូបភាព​របស់​លោក ហុង សាវុធ មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្តបាត់ដំបង ត្រូវបាន​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្តបាត់ដំបង បើក​កកាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ច្រកព្រំដែន​ឆ្លងកាត់​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក ហុង សាវុធ ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​នៅក្នុង​ខេត្តបាត់ដំបង ផងដែរ​។ ជាពិសេស​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​បណ្ដោយ​ឲ្យ​លោក ហុង សាវុធ ព្រមទាំង​បក្ខពួក​គាប​យកលុយ​ពី​ឈ្មួញ​និង​ពី​ក្រុមអាជីវករ​តាមរបៀប​ពុករលួយ​យ៉ាង​កំរោល​តែម្តង​។​

​បើតាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​មួយចំនួន​នៅក្នុង​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​លោក ហុង សាវុធ ព្រមទាំង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ច្រើនឡើងៗ ជាពិសេស​ទាក់ទង​ទៅនឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកព្រំដែន​ក្នុងស្រុក​ភ្នំព្រឹក ស្រុក​កំរៀង និង​ស្រុក​សំពៅ​លូន ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។ លើស​នេះ​ទៅទៀត​ទោះបី​ឈ្មួញ​នាំចូល​ទំនិញ​ស្របច្បាប់​បង់ពន្ធ​គយ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុតពី​ចំណាយលុយ​លើ​តុ ក្រោម​តុ ថ្លៃ​បាយ​ថ្លៃ​ទឹក តាម​ការកំណត់​របស់​លោក ហុង សាវុធ និង​បក្ខពួក​ឡើយ​។ ក្នុង​មួយថ្ងៃៗ​លោក ហុង សាវុធ និង​បក្ខពួក​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​បាន​យ៉ាងច្រើន​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​ព្រោះ​មានការ​សម្របសម្រួល​ពី​មេ​គយ​ធំៗ​នៅក្នុង​ខេត្តបាត់ដំបង ផងដែរ​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់​ប្ដេជ្ញា​លុបបំបាត់​អំពើពុករលួយ​តាម​ដងផ្លូវ មិនគួរ​មើលរំលង​អំពើពុករលួយ​តាមច្រើន​រូបភាព​របស់​លោក ហុង សាវុធ មន្ត្រី​គយ​ចល័ត​ខេត្តបាត់ដំបង ព្រមទាំង​បក្ខពួក​នោះទេ(មានត)

40314858_1808032435981809_3688565708200869888_n 40694575_699885747025153_3736644761818234880_n