មេ​ឈ្មួញឈ្មោះ​ ចែអូន​ប្រមូលទិ​ញឈើដឹក​ចេញពីស្រុក​វាលវែងលោ​ក ម៉ៅ ធនិន​ អភិបា​លខេត្តពោធិ៍​សាត់រក្សា​ភាពស្ងៀម​ស្ងាត់

ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ចែ​អូន បាន​ឲ្យ​ដឹងថា លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ គឺជា​បង្អែក​រឹងមាំ​របស់​ឈ្មួញ​ឈ្មោះ ចែ​អូន ជា​យូរ​មកហើយ​ទើប​ឈ្មួញ​ម្នាក់នេះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រសិនបើ​គ្មាន​ប្រធាន​មន្ទីរ​កសិកម្ម​និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ជា​បង្អែក​រឹងមាំ​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ ចែ​អូន មិនអាច​ប្រមូល​ទិញ​ឈើ​ដឹក​ចេញពី​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ចូលមក​រាជធានី​ភ្នំពេញ ទាំងយប់​ទាំង​ថ្ងៃ​យ៉ាង​សុខ​ស្រួល​ដូច​សព្វថ្ងៃ​នេះឡើយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មោះ បូរ ជាម​នុស្ស​ជំនិត​របស់លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏​ជា​បង្អែក​រឹងមាំ​របស់​ឈ្មួញ​ឈ្មោះ ចែ​អូន ផងដែរ​ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ចែ​អូន អាចឈរជើង​ទិញ​ឈើ​បកសម្បក​រួច​ផ្ដាច់មុខ​នៅ​ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ហើយ​ដឹកជញ្ជូន​ចូល​រាជធានី​ភ្នំពេញ ដល់​គោលដៅ​យ៉ាង​រលូន​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​វាលវែង ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ ចែ​អូន ប្រមូល​ទិញ​ឈើ​បកសម្បក​ផ្ដាច់មុខ​ក្នុងស្រុក​វាលវែង ហើយ​ដឹកជញ្ជូន​ចេញ​យ៉ាង​ពេញបន្ទុក​តែម្តង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ សេចក្ដីរាយការណ៍​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​ពី​សំណាក់​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ទេនោះ​គឺ​ក្រុមមន្ត្រី​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​វាលវែង មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម មិនគួរ​មើលរំលង​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់​ក្រុមមន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៅក្នុង​ខេត្តពោធិ៍សាត់ នោះទេ​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ចែ​អូន បាន​ឈរជើង​ចាំ​ប្រមូល​ទិញ​ឈើ​បកសម្បក​រួច​នៅ​ចំណុច​តាំង​យ៉ ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មួញ​ឈ្មោះ ចែ​អូន ឈរជើង​កាង​ចាំ​ទិញ​ឈើ​បកសម្បក​រួច​នៅ​ចំណុច​តាំង​យ៉ ភូមិ​ស្ទឹង​ថ្មី ជា​យូរ​មកហើយ​មិន​ដែលមាន​ឈ្មួញ​ណា​ហ៊ាន​ចូលទៅ​ប្រជែង​ជាមួយ​ឈ្មួញ​ម្នាក់នេះ​ទេ ព្រោះ​ឈ្មួញ​ម្នាក់នេះ​មាន​ខ្នងបង្អែក​រឹងមាំ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ប្រមោយ ស្រុក​វាលវែង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​កន្លងមក​សមត្ថ​កិច្ច​អាវុធហត្ថ​ខេត្តពោធិ៍សាត់ និង​សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ធ្លាប់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាច្រើន​ករណី​នៅក្នុង​ស្រុក​វាលវែង ប៉ុន្តែ​ដោយឡែក​ឈ្មួញ​ឈ្មោះ ចែ​អូន តែង​គេច​ផុតពី​ការបង្ក្រាប​យ៉ាង​រលូន​។(មានត)

61789443_602361746838927_7290516327066763264_n 62053051_2045273432443498_4877619140581392384_n 61647982_405939713587392_8352268569471352832_n