លោកបែន​ រ័ត្ន ស្នងការ​នគរបាលខេត្ត​ត្បូងឃ្មុំនិង​លោក ជៀម ​ច័ន្ទសោភ័ណ​អភិបាលខេ​ត្តមិ​នហ៊ានបង្រ្កាប​ល្បែងស៊ីសងកើ​តពេញបន្ទុក​នៅស្រុក​មេ​មត់

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដារ ស្រុក​មេមត់ បាន​កត់សម្គាល់ថា ចាប់តាំងពី​ឈ្មោះ ហេង និង​ឈ្មោះ លឹម បើក​សង្វៀន​បញ្ជល់មាន់​និង​វង់​យូគី​អាប៉ោង​នៅ​ចំណុច​ច្រក​ដូង​៧​ដើម ឃុំ​ដារ ស្រុក​មេមត់ គឺ​បទល្មើស​ផ្សេងៗ​ជាពិសេស​អំពើចោរកម្ម​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្ត​ត្បូងឃ្មុំ មិន​បង្ក្រាប​ល្បែងស៊ីសង​ទាល់តែសោះ​។ ប្រភព​ខ្លះ​បាន​លើកឡើងថា សង្វៀន​បញ្ជល់មាន់​និង​វង់​យូគី​អាប៉ោង​នៅ​ច្រក​ដូង​៧​ដើម ឃុំ​ដារ ជា​ប្រភព​ចំណូល​របស់​មន្ត្រី​ធំៗ​មួយចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក្នុងនោះ​មាន​ទាំង​មន្ត្រី​ក្នុង​ជួរ​គណៈ​អភិបាលខេត្ត ក៏ដូចជា​មន្ត្រីនគរបាល​និង​មន្ត្រី​អាវុធហត្ថ​ផងដែរ​។ ដូច្នេះ​មានតែ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ទើប​អាច​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​នៅ​ចំណុច​ច្រក​ដូង​៧​ដើម ឃុំ​ដារ ស្រុក​មេមត់ ប្រកបដោយ​ប្រសិទ្ធភាព​

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដារ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​សង្វៀន​បញ្ជល់​មាន់​និង​ល្បែង​យូគី​អាប៉ោង​នៅ​ចំណុច​ច្រក​ដូង​៧​ដើម កំពុងដំណើរការ​យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដារ បាន​បញ្ជាក់ថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​អធិការនគរបាល​ស្រុក​មេមត់ និង​អភិបាលស្រុក​មេមត់ ទេនោះ​គឺ​គ្មាន​នរណា​អាច​បើក​សង្វៀន​បញ្ជល់មាន់​និង​វង់​អាប៉ោង​យូគី​នៅ​ចំណុច​ច្រក​ដូង​៧​ដើម យ៉ាង​រាលដាល​ដូច​សព្វថ្ងៃនេះ​ទេ​។ ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជៀម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ល្បែងស៊ីសង​នៅ​ចំណុច​ដូង​៧​ដើម ឃុំ​ដារ ស្រុក​មេមត់ ដំណើរការ​យ៉ាង​រលូន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​។

បើតាម​ប្រភពពី​អ្នក​ធ្លាប់​ចូលទៅក្នុង​ទីតាំង​សង្វៀន​បញ្ជល់មាន់​និង​វង់​យូគី​អាប៉ោង​នៅ​ចំណុច​ច្រក​ដូង​៧​ដើម បាន​ឲ្យ​ដឹងថា អ្នកបើក​ល្បែងស៊ីសង​មានឈ្មោះ ហេង និង​ឈ្មោះ លឹម ហើយ​បុគ្គល​២​នាក់​នេះ​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ឃុំ​ដារ និង​ស្រុក​មេមត់ មិន​ហ៊ាន​ប៉ះពាល់​អ្នកបើក​ល្បែងស៊ីសង​ឈ្មោះ ហេង និង​ឈ្មោះ លឹម នោះទេ​ហើយ​សម្ងំ​ទទួលផល​ប្រយោជន៍​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​នៅ​ចំណុច​ច្រក​ដូង​៧​ដើម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ជាបន្ទាន់​ដើម្បី​ឲ្យ​ស្របតាម​គោល​យោ​បាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ ដោយហេតុថា លោក ជៀម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក ប៉ែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ កំពុង​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។(មានត)

IMG-20190517-WA007065158243_452938998842638_3662866994723553280_n-1