ឧកញ៉ា​ ជ័យ ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃឈើក្នុង​ស្រុក​សេសាន​គេចផុតពីសំ​ណាញ់​ច្បាប់

ប្រភពពីសមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ឧកញ៉ា ជ័យ មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​ទើប​អាច​គេច​ផុតពី​វិធានការ​ផ្លូវច្បាប់​យ៉ាង​សុខ​ស្រួល បើទោះបី​បច្ចុប្បន្ន​មាន​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង យ៉ាងណាក៏ដោយ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ខណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ពិនិត្យឡើងវិញ​ចំពោះ​សកម្មភាព​របស់​ឧកញ៉ា ជ័យ ដែល​ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​នៅក្នុង​ស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ផងដែរ​។ ដោយហេតុថា មួយរយៈ​កន្លងទៅនេះ​ឧកញ៉ា ជ័យ សម្រុក​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ប្រភេទ​វ៉េ​អង និង​ប្រភេទ​យី​ឌុប​ពី​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​គគ្រឹកគគ្រេង​៕

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​សមត្ថកិច្ច​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ក៏ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នោះទេ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មិនសូវមាន​ជំនឿ​លើ​សមត្ថកិច្ច​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្តស្ទឹងត្រែង ព្រោះ​ឧកញ៉ា ជ័យ និង​បក្ខពួក​នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​សុខ​ស្រួល​។ ទន្ទឹមនឹងនេះ​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា កន្លងមក​បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង ក៏ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ទេនោះ​គឺ​ឧកញ៉ា ជ័យ មិនអាច​បំផ្លាញ​ព្រៃឈើ​តាម​អំពើ​ចិត្ត​ឡើយ​។

បើតាម​ប្រភព​ដែល​ស្និទ្ធ​នឹង​ឧកញ៉ា ជ័យ បាន​ឲ្យ​ដឹងថា ឥឡូវនេះ​ឧកញ៉ា ជ័យ ផ្អាក​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ចេញទៅ​ស្រុក​យួន​មួយរយៈ​ក្នុងខណៈដែល​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​កំពុង​ប្រព្រឹត្តទៅ​យ៉ាង​តានតឹង​ក្នុង​ខេត្តស្ទឹងត្រែង​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​លើកឡើងថា កន្លងមក​ឧកញ៉ា ជ័យ បំពាន​កាប់​ឈើ​ក្រៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​ពេញបន្ទុក​មិន​ដែលមាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ទាល់តែសោះ​។ ឥឡូវនេះ​ក្នុងខណៈដែល​មេ​ឈ្មួញ សឹង សំអុល ព្រមទាំង​បក្ខពួក​៣​នាក់​ត្រូវ​ប្រឈមមុខ​នឹង​តុលាការ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បែរជា​ឧកញ៉ា ជ័យ ដែល​ល្បីល្បាញ​ខាង​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង កំពុង​គេច​ផុតពី​សំណាញ់​ច្បាប់។បឋម

67682279_918906508445210_6280484965603868672_n-Copy 67682279_918906508445210_6280484965603868672_n