មេឈ្មួញ​ដុះស្លែរ ​ភឺន ផល្លាទន្ទ្រាន​កាន់កាប់ដី​ព្រៃលិចទឹកធ្វើជាកម្មសិទ្ទិ​គីមានការ​ឃុ​បឃិតជា​ប្រព័ន្ធលោក ​ម៉ៅ ភិរុណ​អភិ​បាលខេត្តកណ្ដា​លរក្សាភាព​ស្ងៀម​ស្ងាត់

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​លើកដែក និង​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៩ ខែសីហា កន្លងទៅ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​មកពី​ស្រុក​លើកដែក ស្រុក​ស្អាង និង​ស្រុក​កោះធំ បាន​ចុះ​វាស់វែង​ដីព្រៃ​លិច​ទឹក​បឹង​ធម្មជាតិ​ឲ្យ​ទៅ​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ភឺន ផល្លា ដែលជា​ឧ​ត្ត​ម​សេនីយ៍​យោធា​និង​មាន​ងារ​ជា​ឧកញ៉ា ល្បីល្បាញ​ខាង​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​និង​ដីព្រៃ​លិច​ទឹកជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្តកណ្ដាល​។ ក៏ប៉ុន្តែ​គម្រោង​នៃ​ការវាស់វែង​ដី​បឹង​ធម្មជាតិ​ក្នុងស្រុក​កៀនស្វាយ ស្រុក​លើកដែក និង​ស្រុក​ស្អាង ឲ្យ​ទៅ​មេ​ឈ្មួញ ភឺន ផល្លា ត្រូវ​ខកខាន​ដោយសារ​មានការ​រារាំង​ពី​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​ក្លា​។ ក្នុងការ​ប្រឈមមុខ​ដា​ក់​គ្នា​នោះបាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងរបួស​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ព្រោះ​ប្រជាពលរដ្ឋ​ប្រមូល​ផ្ដុំគ្នា​រារាំង​មិន​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ចុះ​វាស់វែង​ដី​បឹង​ធម្មជាតិ ដែល​ពួកគាត់​ធ្លាប់​ប្រកប​អាជីវកម្ម​ចិញ្ចឹមជីវិត​នោះទេ​។

​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ ភឺន ផល្លា បាន​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ឈ្មួញ​រូបនេះ​ហ៊ាន​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ក្នុងស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។

ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ស្រុកលើ​ក​ដែក និង​ស្រុក​ស្អាង ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ ភឺន ផល្លា ដែល​ពាក់​ផ្កាយ​២ មាន​តួនាទី​ជា​មេបញ្ជាការរង​កងពល​តូច​លេខ​៧០ ហើយ​មាន​ងារ​ជា​ឧកញ៉ា​ផង​នោះ នៅតែ​បន្ត​ប្រើ​អំណាច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​អតីត​ឡូត៍​នេសាទ​លេខ​៦ និង​ឡូត៍​នេសាទ​លេខ​៥ យ៉ាង​កំរោល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​មេ​ឈ្មួញ ភឺន ផល្លា អាចធ្វើ​អ្វីៗ​បាន​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​ឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក ក៏ដូចជា​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ផងដែរ ក្នុងខណៈដែល​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល រក្សា​ភាព​ស្ងៀមស្ងាត់​។ ការរក្សា​ភាព​ស្ងៀមស្ងាត់​របស់លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ក៏ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកណ្ដាល និង​លោក វ៉ិ​ត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកណ្ដាល គឺជា​ការ​ទុក​ឲ្យ​មេ​ឈ្មួញ ភឺន ផល្លា ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​រាប់ពាន់​ហិកតា ​។

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មួយរយៈ​ចុងក្រោយ​នេះ​មេ​ឈ្មួញ ភឺន ផល្លា បានធ្វើ​សកម្មភាព​បំពាន​កាន់កាប់​ដីធ្លី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ល្វាឯម យ៉ាង​កំរោល​ហើយ​បន្តធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​អតីត​ឡូត៍​នេសាទ​នៅ​ស្រុក​លើកដែក ស្រុក​ស្អាង និង​ស្រុក​កៀនស្វាយ យ៉ាង​ពេញបន្ទុក ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​កៀនស្វាយ ស្រុក​លើកដែក និង​ស្រុក​ស្អាង បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ក៏ដូចជា​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​មេ​ឈ្មួញ ភឺន ផល្លា ដែល​អាង​អំណាច​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា​និង​មាន​ងារ​ជា​ឧកញ៉ា ហើយ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​។ ជាពិសេស​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ មិនគួរ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ ភឺន ផល្លា ដែលជា​មេបញ្ជាការរង​កងពល​តូច​លេខ​៧០ ប្រើ​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត។បឋម

70498458_2410962629177742_3804112517580455936_n 70608086_380516426173361_2241378822865813504_n