លោក​ ហុង សាវុធ​មេគយចល័ត​តំបន់៤ផ្លូវជា​តិលេខ៥​ប្រព្រឹត្តអំពើពុករ​លួយលោក​ គុណ ញឹម​អគ្គនាយ​កនៃ​អគ្គនាយកដ្ឋា​នគយ​និង​រដ្ឋាករកម្ពុជាមិ​នគួរមើ​លរំ​ល​ង

មន្ត្រី​គយ​ក្នុង​ខេត្តបាត់ដំបង មួយចំនួន​បានលើកឡើង​ថា លោក ហុង សាវុធ មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥ កំពុង​បង្កើន​សកម្មភាព​ពុករលួយ​យ៉ាង​កំរោល​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ស្នាក់ការ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥ ចំណុច​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង សុទ្ធតែ​សុំ​ការយោគយល់​ពី​លោក ហុង សាវុធ និង​លោក យូ ហេង ដែលជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ហេតុនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់​ប្ដេជ្ញា​លុបបំបាត់​អំពើពុករលួយ​តាម​ដងផ្លូវ មិនគួរ​បណ្ដោយ​ឲ្យ​លោក ហុង សាវុធ មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥ បង្កើន​សកម្មភាព​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ឡើយ​។

​ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក ហុង សាវុធ ប្រធានការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៤ កំពុង​ប្រើ​អំណាច​និង​តួនាទី​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​។ ប្រភពពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ចំណុច​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​អះអាងថា ទោះបី​ពួកគេ​ដឹកទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុតពី​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់លោក ហុង សាវុធ និង​បក្ខពួក​នោះទេ​។ ផ្ទុយទៅវិញ​លោក ហុង សាវុធ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញ​ឆ្លង​កាត់មុខ​ស្នាក់ការ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥ ចូលទៅ​រាជធានី​ភ្នំពេញ យ៉ាង​រលូន​ព្រោះ​ជា​ប្រភព​ចំណូល​របស់​ពួកគេ​។​

​ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តបាត់ដំបង មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ហុង សាវុធ ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ជា​មេ​គយ​ចល័ត​តំបន់​៤ ហើយ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ម្យ៉ាងទៀត​ការដែល​លោក ហុង សាវុធ ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ មុខ​ស្នាក់ការ​គយ​ចល័ត​តំបន់​៤ យ៉ាង​សុខ​ស្រួល​គឺមាន​ការសម្របសម្រួល​ពី​សំណាក់​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ផងដែរ​។ បញ្ហា​នេះ គឺជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​លោក ហុង សាវុធ មេ​គយ​ចល័ត​តំបន់​៤ ផ្លូវជាតិ​លេខ​៥ ខេត្តបាត់ដំបង ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ ជា​យូរ​មកហើយ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហុង សាវុធ មេ​គយ​ចល័ត​តំបន់​៤ បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ខ្នងបង្អែក​រឹងមាំ​ទេនោះ គឺ​លោក ហុង សាវុធ មិន​ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ហុង សាវុធ មាន​តួនាទី​ក្នុងការ​បង្ក្រាប​អំពើ​រត់ពន្ធ​នៅក្នុង​ខេត្ត​ប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង ផងដែរ​ដូច្នេះ​ក្នុង​មួយខែៗ​លោក ហុង សាវុធ ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​អំពើពុករលួយ​។ ប្រការនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​នូវ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហុង សាវុធ មេ​គយ​ចល័ត​តំបន់​៤ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក ហុង សាវុធ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។(មានត)

70514877_2420368238053154_6766515275979292672_n-1 60353318_2065246583602442_807769746492620800_n-1