លោ​ក​ផ្កាយ​៣ តេង​​ ​សួន ​ប្រ​មូល​លុយ​ពីទំ​និញ​គេចព​ន្ធនិង​បទ​ល្មើស​នេសាទ​គ្រប់​ប្រ​ភេទ​ពេញ​ផ្ទៃ​ស​មុទ្រ

ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រំដែន​ទឹក​នៃ​ក្រសួងមហាផ្ទៃ​ លោក តេង សួន ហាក់ដូចជា​ធូររលុង​មិនបាន​យកចិត្តទុកដាក់​ពង្រឹង​ការងារ​មន្ត្រីក្រោមឱវាទ​ ឲ្យ​ការពារ​បូរណភាព​ដែនសមុទ្រ​ខ្មែរ​នោះទេ បែរជា​បិទ​ភ្នែក​បណ្តែតបណ្តោយ​ឲ្យ​ទូក​នេសាទ​របស់​សៀម និង​យួន ចូលមក​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​បំផុត​ក្នុង​ដែនសមុទ្រ​ខ្មែរ​។ ជា​ញឹកញយ​ប្រជា​នេសាទ​បាន​ចេញទៅ​ឡោមព័ទ្ធ​ចាប់​ទូក​នេសាទ​សៀម និង​យួន ដែល​ឆ្លងដែន​ចូល​ផ្ទៃសមុទ្រ​ខ្មែរ​យកទៅ​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តែ​ទីបំផុត ទូក​សៀម​និង​យួន​ទាំងនោះ​ត្រូវបាន​ដោះលែង​ទៅវិញ តាមរយៈ​ការសម្របសម្រួល​បង់លុយ​កាក់ ហើយ​សម្រាប់​ទូក​នេសាទ​របស់​យួន ឬ​សៀម មួយគ្រឿង ដែល​អាច​ចូលមក​នេសាទ​ក្នុង​ដែនសមុទ្រ​ខ្មែរ​យ៉ាង​អនាធិបតេយ្យ​ពេលណា​ក៏បាន ត្រូវ​បង់លុយ​យ៉ាងតិច​២៥០០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​ឲ្យ​អ្នកម៉ៅការ​ សម្រាប់ យកទៅ​បែងចែក​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទើប ​អាច​ដំណើរការ​ទៅបាន​ ។​

ជនបរទេស​មា​ន​សៀម និង​យួន​បាន​សម្រុក​ចូលមក​ធ្វើ​សកម្មភាព​ក្នុង​ដែនសមុទ្រ​ខ្មែរ​យ៉ាង​ ណានាធិបតេយ្យ ​បំផុត គ្មាន​នរណា​អើពើ​បង្ក្រាប​ទេ​ហើយ​ប្រភព​មួយចំនួន​បាន ​ឲ្យ​ដឹងថា រឿង​ដែល​គ្មាន​ការបង្ក្រាប​ទូក​នេសាទ​របស់​យួន​និង​សៀម​ទាំងនោះ ក៏​ព្រោះតែ​មន្ត្រីនគរបាល​ជើង​ទឹក ក្រោម​បញ្ជា​របស់លោក តេង សួន បានចេញ​ប្រមូល​ផលប្រយោជន៍​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ មិន ​ខ្វល់ខ្វាយ​ចំពោះ​វិធានការ​រឹតបន្តឹង​របស់​អង្គភាព​ ប្រឆាំង​អំពើពុករលួយ​ម្តងណា​ឡើយ​។​

ផ្ទៃសមុទ្រ​ខ្មែរ​នាពេល​បច្ចុប្បន្ន​នេះ មាន​ទូក​នេសាទ​របស់​ជនជាតិ​ខ្មែរ​តិចតួច​ប៉ុណ្ណោះ​ដែល​ចេញ​ធ្វើការ​នេសាទ​ជា ​លក្ខណៈ​គ្រួសារ ដោយ​ប្រើប្រាស់​ទូក​តូចៗ មិន​ហ៊ាន​ធ្វើដំណើរ​ទៅ​កណ្តាលលំហ​សមុទ្រ​ដើម្បី​ចាប់​ត្រី​នោះទេ  ដោយសារ​ប្រជា​នេសាទ​ខ្មែរ​គ្មាន​ដើមទុន​សម្រាប់​ប្រកប​អាជីវកម្ម​នេសាទ​ត្រី ​ទ្រង់ទ្រាយ​ធំ ជាពិសេស​គ្មាន​លុយ​បង់​ជូន​នគរបាល​ជើង​ទឹក​របស់លោក តេង សួន តែម្តង​។ លោក តេង សួន បាន​ចាត់តាំង​បក្ខពួក​របស់គាត់​ឲ្យ​កាន់តំណែង​ជា​ប្រធាន​វរៈ​នគរបាល​ប្រចាំ​ ទិស​នីមួយៗ​តាំងពី​ព្រំ​ដែនទឹក​នៃ​ខេត្ត​កែប រហូតដល់​ខេត្តកោះកុង​ប៉ុន្តែ​វត្ត​មាននៃ​នគរបាល​ការពារ​ព្រំ​ដែនទឹក​របស់លោក តេង សួន  មិនបាន​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ គឺ​បានត្រឹមតែ​ចុះទៅ​ដាក់​ប៉ុស្តិ៍​ជជុះ​ឬ​ចេញ​នាវា​ល្បាត​ដើម្បី​ប្រមូល​ លុយ​ពី​ទូក​នេសាទ ដោយ​ខុសច្បាប់​មិនដែល​ខ្វល់​ពីបទ​បញ្ជា​ឬ​សេចក្តីណែនាំ​របស់​ថ្នាក់លើ​ ក្នុងការ​បង្ការ​បង្ក្រាប​ទ​ប់​ស្កាត់​បទល្មើស​លើ​ផ្ទៃសមុទ្រ​ឲ្យ​មាន​ ប្រសិទ្ធភាព​ទៅតាម​កំណែទម្រង់​ស៊ីជម្រៅ​ម្តងណា​ឡើយ​។

លោក តេង សួន មាន​សិទ្ធិអំណាច​ធំ​ណាស់​ក្នុងការ​ប្រមូល​លុយ​ពីបទ​ល្មើស​នៃ​ការដឹកជញ្ជូន​ ទំនិញគេចពន្ធ​ឈើ​ខុសច្បាប់​នៅលើ​ផ្ទៃសមុទ្រ ជាក់ស្តែង​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅតាម​ដែន​កោះ ដឹក​យកមក​លក់​ចែកចាយ​ក្នុង​ខេត្ត​ព្រះសីហនុ មិនអាច​ធ្វើទៅ​បានទេ ប្រសិនបើ​គ្មាន​ភ្លើង​ខៀវ​ពី​លោក តេង សួន​។ ចំពោះ​ការដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ​មកពី​ស្រុក​យួន និង​ស្រុក​សៀម មក​លក់​ចែកចាយ​នៅតាម​ដែនសមុទ្រ​តាំងពី​ខេត្តកោះកុង​រហូត​ដល់​ខេត្តកំពត​គឺ​ សុទ្ធតែ​មានការ​ឃុបឃិត​បិទ​ភ្នែក​ពី​សំណាក់​នគរបាល​ការពារ​ព្រំ​ដែនទឹក​ របស់លោក តេង សួន ផងដែរ ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន បើទោះបីជា​ការដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ និង​ការកាប់បំផ្លាញ​ព្រៃឈើ​តាម​ដែន​កោះ កើតឡើង​កាន់តែ​អនាធិបតេយ្យ​ផ្គើន​ទៅនឹង​សេចក្តីណែនាំ​និង​បទបញ្ជា​របស់​ ថ្នាក់លើ​យ៉ាងណាក៏ដោយ​។​

ឈ្មួញ​តូចតាច​មួយចំនួន​បាន​លើកឡើងថា សម្រាប់​ការដឹកជញ្ជូន​ទំនិញ​បន្តិចបន្តួច​រង​នូវ​ការ​កោសរូស​បង្ខំ​ឲ្យ​ បង់លុយ​ពី​សមត្ថកិច្ច​នគរបាល​ការពារ​ព្រំ​ដែនទឹក ក្រោម​បញ្ជា​របស់លោក តេង សួន ដោយ​ពួកគេ​អះអាងថា ជាការ​អនុវត្ត​កំណែទម្រង់​ស៊ីជម្រៅ​ប៉ុន្តែ​ឈ្មួញ​ធំៗ​ដែល​រកស៊ី​ដឹកជញ្ជូន​ ឈើ​ខុសច្បាប់​យកទៅលក់​នៅក្រៅ​ប្រទេស​តាម​ដែនសមុទ្រ ឬ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​តាម​ដែនសមុទ្រ​ឡើង​ដុះ​ ស្នឹម​ទៅហើយនោះ​ទទួលបាន​នូវ​ការយោគយល់​ពី​នគរបាល​ការពារ​ព្រំ​ដែនទឹក គ្មាន​នរណា​ហ៊ាន​ហើបមាត់​នោះទេ​។ ​មន្ត្រី​តូចតាច​ជាច្រើន​បានលើកឡើង​ថា ប្រសិនបើ​អាច​ផ្លាស់ប្តូរ​តំណែង​លោក តេង សួន ទំនងជា​អាចមាន​ការកែទម្រង់​ភាព​អសកម្ម​និង​អំពើពុករលួយ​ដែល​កំពុង​កើតមាន​ យ៉ាង​ផុសផុល ក្នុង​អង្គភាព​នគរបាល​ជើង​ទឹក ដែល​កំពុង​យក​តួនាទី​របស់​ពួកគេ​ទៅ​ប្រមូល​លុយ​ពី​ទូក​នេសាទ​របស់​សៀម និង​យួន​។ ​គេ​ដឹងថា មេ​វរៈ​ព្រំដែន​ទឹកជា​ច្រើន រៀងរាល់​ពេល​ដាច់​ខែម្តងៗ​ពួកគេ តែងតែ​ដឹកលុយ​ជាច្រើនយកមក​ចែក​ថ្នាក់លើ​ ​៕

451